គោដំបៅខ្នង ក្អែកហើររំលង រំសាយកន្ទុយ
ដើម្បីធ្វើអោយយើងចេះសង្កេតលក្ខណៈរបស់ពួកទុជនដែលតែងតែប្រើអាកប្បកិរិយា ផ្សេងៗ ដើម្បីលាក់ពុតកំហុសរបស់វា បុរាណបណ្ឌិតបានចែងភាសិតទុកថា៖ គោដំបៅខ្នង ក្អែកហើររំលង រំសាយកន្ទុយ ។
អត្ថានុរូបរបស់ភាសិតៈ
កាលបើមានដំបៅខ្នងហើយ គោតែងស្រៀវជានិច្ចខ្លាចក្រែងក្អែកទំចិកចោះ ម្លោះហើយ កាលបើឃើញក្អែកហើររំលងពីលើក៍តាំង “រំសាយកន្ទុយ” គឺលើកកន្ទុយគ្រវី ចុះឡើង ដើម្បីការពាររារាំងបិទបាំងដំបៅ មិនឱ្យក្អែកចុះទំលើខ្នងនាំប៉ះពាល់ដល់ដំបៅ ។
អត្ថបដិរូបរបស់ភាសិតៈ
ក) ជនណាដែលបានប្រព្រឹត្តបទអាក្រក់ ឬ កំហុសអ្វីមួយ តែងតែខំបិទបាំងអំពើ ដ៏លាមកទាំងនោះ ដើម្បីនឹងជៀសវាងពាក្យនិន្ទា ដៀមដាមរបស់គេ តែបើគាប់ជួនមាន “សត្វក្អែកមួយហើររំលង” កំហុសខ្លួន ពោលគឺមានពាក្យណាមួយដែលនិយាយទៅហើយ មានទំនាក់ទំនង នឹងរឿងរ៉ាវដែលខំលាក់លៀមនោះ អ្នកនោះឯងរមែងតែងនឹងស្រៀវ រអៀសខ្លួនជាដរាប មានប្រើអាការៈផ្សេងៗ ដូចជាខំនិយាយពង្វាងបង្វែរកែសេចក្តីឱ្យបាន ល្អដល់ខ្លួន ដើម្បីកុំឱ្យប៉ះពាល់ “ដំបៅ” ខ្លួន ហើយកុំឱ្យគេសង្ស័យថាខ្លួនមានកំហុសអ្វី។ វិស័យដូចគោ ខំ “រំសាយកន្ទុយ” ដើម្បីជាកិច្ចរាំងរាការពារដំបៅនឹងកែ្អកដែរ ។
ខ) ក្នុងបញ្ហានេះ គេអាចយល់បានថា៖ ក្អែកជាសត្វដែលតែងតែស្វៈស្វែងរក ចោះចឹកដំបៅ ឬគំរង់ កាលបើឃើញគោរំសាយកន្ទុយហើយ ក៍អាចនឹងដឹងភ្លាមថាគោ មានដំបៅជាដាច់ខាត ។ ក្អែកនេះមានការប្រៀបធៀបទៅនឹងភ្នាក់ងារនៃក្រុមស៊ើបអង្កេត រកពួកទុជន ។ ពួកទុជននេះ ដោយខ្លួនឯងជាអ្នកមានដំបៅស្រេចទៅហើយ ក៍តែងតែប្រើ អាកប្បកិរិយាផ្សេងៗ ដើម្បីបិទបាំងកំហុសខ្លួនជាហេតុធ្វើឱ្យគេយល់ជាក់ថា មានប្រើ កិរិយាលាក់ដំបៅជាប្រាកដ ។ ដូច្នេះគេអាចនឹងស្គាល់បានដោយងាយនូវពួកគោដំបៅខ្នង ឬពួកមនុស្សលាក់កំហុសឯង ៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment