Thursday, August 6, 2009

5 reasons not to use Microsoft Windows

ហេតុផល ៥ចំនុច ដែលមិនគួរប្រើ MS-Windows


សួស្តីប្រិយមិត្តអ្នកអាន!

ការដែលសរសេរអត្ថបទនេះគឺខ្ញុំមិនមានបំណងបន្តោសបង្អាប់ Windows ឡើយ ។ ខ្ញុំគ្រាន់ តែចង់បង្ហាញពីចំនុចអវិជ្ជមានខ្លះៗ ដែលមិនគួរប្រើ Windows ឆ្លងតាមរយៈបទពិសោធន៍ផ្ទាល់កន្លងមក ដូច្នេះមិត្តអ្នកអានអាចយកមកគឹតពិចារណា នឹងសំរេចជ្រើសរើសដោយខ្លួនឯង ។

ចាប់តាំងពីបច្ចេកវិទ្យាថ្មីនេះបានមកដល់ស្រុកយើងក្នុងកំឡុងឆ្នាំ ៩០ កុំព្យូទ័រត្រូវបាន ប្រើប្រាស់បន្តិចម្តងៗ រហូតមកដល់សព្វថៃ្ងស្ទើតែគ្រប់ខេត្តក្រុង ។ ប្រហែលជាលោកអ្នក ដឹងហើយ កុំព្យូទ័រអាចប្រើប្រាស់បានគឺត្រូវការផ្នែករឹង (Hardwares)និងផ្នែកទន់ (Softwares) ។ ផ្នែករឹងគឺជាគ្រឿងឧបករណ៍ដែលយកមកតំឡើងចេញជាម៉ាស៊ីនកុំព្យូទ័រ រីឯផ្នែកទន់គឺ ជាកម្មវិធីប្រព័ន្ធប្រតិបតិ្តការបញ្ជារលើផ្នែករឹង (Operating System Softwares) និងកម្មវិធី ប្រើប្រាស់ផ្សេងៗ (Applications Softwares) ។ រាល់ម៉ាស៊ីនកុំព្យូទ័រចាំបាច់ត្រូវតំឡើងនូវកម្មវិធី ប្រព័ន្ធប្រតិបតិ្តការ (Operating Systems = OS) មួយសិន មុននឹងអាចបញ្ចូលកម្មវិធី ប្រើប្រាស់ផ្សេងៗទៀត ។ នៅក្នុងពិភពនៃបច្ចេកវិទ្យានេះ កម្មវិធី ប្រព័ន្ធប្រតិបតិ្តការមាន ច្រើនគួរសម ឧទាហរណ៍៖ Unix, Linux, Mac/OS, MS-Windows,... ចំណែកឯកម្មវិធីប្រើប្រាស់ មានតាមប្រភេទតំរូវការផ្នែកផ្សេងៗ ឧទាហរណ៍៖ កម្មវិធីសំរាប់ការងារការិយាល័យមាន ដូចជា MS-Office, OpenOffice,... កម្មវិធីសំរាប់ការងាររចនារូបភាពមាន Adobe PhotoShop, GIMP,... កម្មវិធីសំរាប់ការងារគូសប្លង់និងក្រហ្វិកមាន AutoCAD, 3DStudio,... កម្មវិធីផ្សេងៗ ជាច្រើនទៀត ។ល។ សព្វថ្ងៃនេះ ទាំងកម្មវិធីប្រព័ន្ធប្រតិបតិ្តការ ទាំងកម្មវិធីប្រើប្រាស់ផ្សេងៗ មានពីរប្រភេទគឺ ប្រភេទបើកចំហរ (Open Sources) និងប្រភេទមិនបើកចំហរ (Non Open Sources) ។ Open Sources ឧទាហរណ៍៖ Unix, Linux, OpenOffice, GIMP, Thunderbird, FireFox,... Non Open Sources មានដូចជា៖ Mac/OS, MS-Windows, MS-Office, PhotoShop, Internet Explorer, Outlook Express,... ។
នៅប្រទេសយើង ពេលទិញកុំព្យូទ័រមួយគ្រឿង អ្នកលក់តែងតំឡើងជាស្រេចនូវ កម្មវិធីប្រព័ន្ធប្រតិបតិ្តការ MS-Windows និងបញ្ចូលកម្មវិធីប្រើប្រាស់ផ្សេងៗ និងកម្មវិធីដែល តំរូវការ របស់អ្នកទិញ ។ ចំនុចដែលចាប់អារម្មណ៍នោះគឺថា ចុះហេតុអ្វីបានជាគេតំឡើង កម្មវិធីប្រព័ន្ធប្រតិបតិ្តការ MS-Windows អោយអតិថិជន? ពីព្រោះអ្នកលក់ដឹងថាអ្នកប្រើ ភាគច្រើនចេះប្រើនិងមានសាលាបង្រៀនរបៀបប្រើប្រាស់ កម្មវិធីប្រព័ន្ធប្រតិបតិ្តការនេះ។ ជាការពិត ចាប់តាំងពីឆ្នាំ១៩៩២ មកមានសាលបើកបង្រៀនរបៀបប្រើប្រាស់ MS-DOS (Disk Operating System ជំនាន់មុនរបស់ Windows) និង MS-Windows រហូតមកដល់សព្វថ្ងៃ មាន Windows-XP, Windows-Vista ។ ក្នុងរយៈពេលជាង១០មកនេះ អ្នកប្រើមានភាពស្ទាត់ ជំនាញ នឹងការប្រើប្រាស់ក៍ដូចជាបញ្ហាជាច្រើនដែលជួបប្រទះដែរ ។​
ខាងក្រោមនេះមានប្រាំចំនុចដែល អ្នកអានអាចពិចារណាលើការមិនគួរប្រើ Windows តទៅទៀត៖

១- Windows ជាផ្ទាំងស៊ីបនៃមេរោគក៍ជាភ្នាក់ងារចំលងដែរ៖

តើលោកអ្នកធ្លាប់ជួបប្រទះនឹងការរំខានពីមេរោគកុំព្យូទ័រដែរឬទេ? កុំព្យូទ័រមិនឆ្លងមេរោគទេ គឺមកពីប្រព័ន្ធប្រតិបត្តិការ Windowsជាផ្ទាំងស៊ីបរបស់មេរោគ ហើយក៍ជាអ្នកបន្តពូជមេរោគដែរ ! បើកាលណាអ្នកប្រើ Windows កុំព្យូទ័ររបស់អ្នកចាំបាច់ត្រូវតែបញ្ចូលកម្មវិធីទប់ទល់និង កំចាត់មេរោគ (Anti-virus) ដើម្បីការពារម៉ាស៊ីនក៍ដូចជាឯកសារដ៏មានតំលៃរបស់អ្នក និងជាសវៀង ការរំខាន បែបលេងសើចរបស់មេរោគមួយចំនួន ។ ទោះបីជាមាន Anti-virus ក៍ដោយ ក៍មិនប្រាកដថា អាចធានាសុវតិ្ថភាពបានទាំងស្រុងដែរ ពីព្រោះលោកអ្នកត្រូវទាញយក (update) Virus definitions ពីអិនធឺណែតជាប្រចាំ ដើម្បីទប់ទល់នឹងមេរោគប្រភេទថ្មីៗបំផុត ។ ក៍ប៉ុន្តែក៍មាន មេរោគខ្លះ មានភាពសុំាញុំានិងវៃឆ្លាតដែល Anti-virus មិនអាចបង្រាបវាបានឡើយ ។ ជឿជាក់ថាជួនកាលឯកសាររបស់អ្នក មានតំលៃជាងកុំព្យូទ័រទៅទៀត ដូច្នេះបើមិនបានចំលងរក្សាទុកទេ នោះប្រាកដជាគ្រោះ មហន្តរាយមួយដ៏ធំហើយ ។ មានអ្នកប្រើប្រាស់ Windows មិនតិចទេដែលធ្លាប់ជួបប្រទះ នូវ បញ្ហារមេរោគនេះ ធើ្វអោយខូចឯកសារ បំផ្លាញហាតឌីស (Hard disk) បំផ្លាញម៉ែនបូត (Mainboard ជាប្រព័ន្ធអេឡិតត្រូនិចម៉ាស៊ីន) ធ្វើអោយម៉ាស៊ីនខូច ដំណើរការយឺតឬគាំង បិទកុំព្យូទ័រដោយស្វ័យប្រវតិ្ត បិទសិទ្ធឹនៃការប្រើប្រាស់ក៍ដូចជាសិទ្ធឹនៃការគ្រប់គ្រង ប្រព័ន្ធប្រតិបត្តិការកុំព្យូទ័រ ។ល។ ដោយសារការរំខានរបស់មេរោគ ក៍អាចត្រូវបង្ខំអោយអ្នក តំឡើង Windows និងApplications ទាំងអស់ឡើងវិញ ជាការបាត់បង់ឯកសារ ការខាតបង់នូវពេលវេលា និងជួលកាលទាំង ប្រាក់កាសថែមទៀត ។

២- Windows តំរូវការផែ្នក Hardware កំរិតខ្ពស់ជានិច្ច៖

នៅចាំបានថា កាលពីឆ្នាំ ១៩៩៣ កុំព្យូទ័រថ្មីមួយគ្រឿងទីមួយតំលៃជិត ២០០០ ដូល្លាអាមេរិច របស់ខ្ញុំ ម៉ាក Wernesជាប្រភេទ CPU 386-DX-100, 80Mb Hard disk, 8Mb RAM បាន តំឡើង Windows 3.1 ។ ក្រោយពីប្រើមិនទាន់បានសប្បាយ ២ឆ្នាំផងស្រាប់តែ Windows 95 លេចចេញ ធ្វើអោយខ្ញុំមិនអាចនៅស្ងៀមបាន ក៍សំរេចចិត្តទិញឌីសចម្លង១ តំលៃ ៥៥ដូល្លា ពីហាងកុំព្យូទ័រមួយនៅខាងត្បូងផ្សារធំថ្មី មកតំឡើងប្រើប្រាស់អោយទាន់ សម័យនឹងគេ ។ រឿងគួរអោយស្តាយគឺគ្រឿង Hardwares របស់ម៉ាស៊ីននេះទាបពេកសំរាប់ តំរូវការជាអប្បរិមារបស់ Windows 95 គឺចំណុះ Hard disk និង RAM ធ្វើអោយកុំព្យូទ័រ ដំណើរការយឺតមែនតែន ។ ដោយសារមិនអាចអត់ទ្រំនឹងបញ្ហានេះបាន ក៍សំរេចចិត្តទិញ Hard disk 120Mb តំលៃប្រហែល ៣០០ ដូល្លាជាង និង RAM 8Mb តំលៃ ប្រហែល ៦០ ដូល្លា បនែ្ថម ។ ទីបំផុត កុំព្យូទ័រនេះត្រូវបានលក់ចោលក្នុងតំលៃតែ ៤៥០ ដូល្លា នៅក្នុងឆ្នាំ ១៩៩៩ ។ នៅក្នុងឆ្នាំ ១៩៩៩ ដដែល ខ្ញុំបានទិញកុំព្យូទ័រយួរដៃមួយគ្រឿងតំលៃ ១៧០០ ដូល្លា ម៉ាក HP ជាប្រភេទ CPU Pentium-3, 10Gb Hard disk, 64Mb RAM បាន តំឡើង Windows 95 ។ ក្រោយមកនៅចុងឆ្នាំ ២០០១ ដោយមានបំណងសាក Windows XP ពេលនោះត្រូវបង្ខំចិត្ត Upgrade Hard disk 20Gbនិង 256 Mb RAM ហើយ ចំណាយអស់ប្រហែលជាង ៣០០ ដូល្លា ទៀត ។ ទីបំផុតខ្ញុំឈប់ប្រើ Windows ចាប់ពីឆ្នាំ ២០០២ រហូតមកដល់បច្ចុប្បន្ននេះ ចំពោះ Windows Vista វិញប្រហែលជាត្រូវចំណាយថវិការទិញ កុំព្យូទ័រថ្មីហើយ ។ ដូច្នេះឃើញថា (ចង់តាមដាន សាកល្បង) ប្រើប្រាស់ ជំនាន់ក្រោយៗរបស់ Windows លោកអ្នកត្រូវការ Upgrade Hardwaresម៉ាស៊ីនជានិច្ច នោះនឹងត្រូវចំណាយជានិច្ចដែរ ។

៣- ជំនាន់ (Version) របស់ Windows ជំរើសកម្មវិធី៖

តើអ្នកមានធ្លាប់ប្រើកម្មវិធីមួយលើ Windows XP ក្រោយពេល upgrade ទៅ Windows Vista កម្មវិធីនោះមិនអាចដំណើរការទៀតទេ ? ហេតុអ្វី ?
ចំនុចនេះគ្រាន់តែចង់ជំរាបថា កម្មវិធីចាស់ៗជាច្រើនដែលសរសេរសំរាប់ Windows 3.1, Windows 95 ឬ XP មិនដើរនៅលើ Windows ជំនាន់ក្រោយៗទេ ។ នេះមកពីការអភិវឌ្ឍន៍របស់ ជំនាន់មួយៗនៃ Windows វាខុសគ្នាឆ្ងាយផែ្នក operating systems ហើយក៍ជាការបំភ្លេចចោល បច្ចេកទេសជំនាន់ចាស់ សូម្បីតែអ្នកសរសេរកម្មវិធីក៍ត្រូវឈឺក្បាលទៅរៀនបច្ចេកទេសថ្មី របស់ក្រុមហ៊ុន Microsoft ទៀត ។ ឯអ្នកប្រើក៍ត្រូវបង្ខំចិត្តទិញ កម្មវិធីថ្មីៗតំរូវទៅតាមជំនាន់ Windows ដែរ ។

៤- Windows ប្រើកាន់តែយូរ កាន់តែយឺត កាន់តែមានបញ្ហា៖

ប្រហែលជាលោកអ្នកជួបបញ្ហានេះស្ទើតែគ្រប់គ្នាហើយមែនទេ ? ក្រោយពីតំឡើង Windows និង Applications ប្រើបានមួយរយៈ លោកអ្នកមានអារម្មណ៍ថា កុំព្យូទ័រដំណើការ ហាក់ដូចជាយឺតទៅៗ ហើមានបញ្ហារ error នេះ error នោះ ។ នេះមិនមែនមកពី Hardware ខ្សោយទេ តែជាប្រព័ន្ធប្រតិបតិ្តការគ្រប់គ្រងលើផ្នែក Hardware មិនបានល្អ ។

៥- អនាគតទៅអ្នកចាំបាច់ទិញអាជ្ញាប័ណ្ណ (License)

អ្នកប្រើប្រាស់ Windows ទាំងឡាយក្នុងស្រុកយើងមិនដែលរវល់ខ្វាយខ្វល់ពីអាជ្ញាប័ណ្ណ ស្អីនោះទេ ! ការប្រើ Windows ក្នុងគោលបំណងអ្វីក៍ដោយ ដែលគ្មានអាជ្ញាប័ណ្ណ ជាការខុសច្បាប់ នៅពេលដែលអ្នកភ្ជាប់ទៅអិនធឺណែត ដើម្បី Update Windows លើ បញ្ហាចន្លោះប្រហោងសុវត្ថិភាព និងកំណែចំនុចខ្វះខាតរបស់ Windows ពេលនោះក្រុមហ៊ុន Microsoft មិនអនុញ្ញាតអោយអ្នក Update ទេ ។ ពិព្រោះអ្នកប្រើ Windows ដែលលួចថតចំលងខុសច្បាប់ ប្រសិនបើនៅសហរដ្ឋអាមេរិច អ្នកនឹងប្រឈម មុខនឹងច្បាប់ជាមិនខាន ។ ប្រទេសយើងមិនទាន់មានច្បាប់ប្រឆាំងនឹងការលួចចំលង ប្រើប្រាស់ ចែកចាយ ខុសច្បាប់របស់ផលិតផលរបស់ក្រុមហ៊ុន Microsoft នៅឡើយទេ ។
តែដោយឃើញថាមានការរីកចំរើនយ៉ាងលឿនគួរសមចំពោះបច្ចេកវិទ្យានេះ ជឿជាក់ថា យ៉ាងយូរ១០ឆ្នាំទៀតនឹងមានច្បាប់នេះជាមិនខាន ។

ដូច្នេះសរុបមកឃើញថាការប្រើ MS-Windows មិនមែនជាជំរើសចុងក្រោយរបស់អ្នកឡើយ នៅមានកម្មវិធី ប្រព័ន្ធប្រតិបតិ្តការផ្សេងៗទៀត ។ អត្ថបទលើកក្រោយនឹងលើកយក ប្រធានបទថា "បើខ្ញុំមិនប្រើ Windows … ?” លើកយកមកពិចារណាទាំងអស់គ្នា ។

No comments:

Post a Comment