មូលហេតុដែលធ្វើឲ្យដេកមិនលក់
មូលហេតុ ការដេកមិនលក់មិនមែនជាជំងឺទេ ប៉ុន្តែវាជាភាវៈម្យ៉ាងដែលរាងកាយមិនអាចដេកលក់ឲ្យបានពេញលេញ រាងកាយទទួលរំញោចភ្ញាក់ក្នុងខណៈដេក។ នៅពេលភ្ញាក់ឡើងកណ្ដាលយប់ ធ្វើឲ្យមិនអាចដេកបន្តទៅទៀតបាន បង្កផលប៉ះពាល់ចំពោះសុខភាពលុះភ្ញាក់ព្រឹកឡើង អារម្មណ៍មិនស្រស់ស្រាយ អស់កម្លាំងរហិតរហៃ និងងងុយដេកនៅពេលថ្ងៃមិនអាចធ្វើការបានល្អ។មូលហេតុសំខាន់ៗនៃការដេកមិនលក់ មានដូចតទៅ៖
១- ភាពតានតឹងក្នុងអារម្មណ៍ ក្ដីកង្វល់ សម្ពាធផ្លូវចិត្ត។
២- អ្នកដែលធ្វើការប្ដូរវេន ផ្លាស់ប្តូរពេលដេក មិនទៀងទាត់។
៣- បណ្ដាលមកពីការរំញោចនៃសារជាតិការហ្វេអ៊ីន។
៤- កម្រិតជាតិស្ករក្នុងឈាមមិនមានតុល្យភាព។
៥- កង្វះសារជាតិអាហារ ដូចជាម៉ាញ៉េស្យូម ធ្វើឲ្យសាច់ដុំកន្ត្រាក់នាំទៅរកមូលហេតុដេកមិនលក់។
រោគសញ្ញា
អ្នកដែលដេកមិនលក់ ច្រើនតែស្ដែងឲ្យឃើញនូវអាការដូចតទៅនេះ៖
១- រាងកាយទទួលរំញោចភ្ញាក់ ព្យាយាមដេកឲ្យលក់ ប៉ុន្តែក៏នៅតែមិនលក់
២- ដេកក្រលក់ ប្រើពេលយូរទម្រាំតែធ្មេចភ្នែកលក់។
៣- ដេកភ្ញាក់ៗ ហើយច្រើនតែភ្ញាក់ពាក់កណ្ដាលយប់ ដោយមិនអាចដេកបន្តទៅទៀតបានទេ។
៤- ដេកមិនលក់រយៈពេលយូរ។
របបអាហារ និង ការព្យាបាលតាមបែបធម្មជាតិ
- ត្រូវទទួលទានអាហារដែលមានប្រយោជន៍ចំពោះសុខភាព ទទួលទានឲ្យគ្រប់ ៥ ក្រុម ៣ ពេល។
- ត្រូវទទួលទានអាហារការបូអ៊ីដ្រាត ដែលមានសារធាតុសេរ៉ូថូនីន ដែលជួយធ្វើឲ្យរាងកាយ ធូរស្បើយ និងមានអារម្មណ៍ស្ងប់ល្អ ដូចជា បាយ ផាស្តា គុយទាវ ធញ្ញជាតិ នំប៉័ង ជាដើម។
- អាហារពេលល្ងាច គួរតែទទួលទានចេក ទឹកដោះគោជូរ ទឹកដោះគោឆៅ ពីព្រោះអាហារទាំងនេះមានអាស៊ីដអាមីណូទ្រីបតូហ្វាន ដែលជួយឲ្យដេកលក់ស្រួល។
- ថ្លើមសត្វ សណ្ដែក ជាអាហារដែលមានសារធាតុប៊ីយោទីន ជួយឲ្យដេកលក់ស្កប់ស្កល់។
- ផឹក«តែ» ធម្មជាតិ ដូចជា «តែ» ខាម៉ូម៉ាយល៍, «តែ» ប៉ិបប៉ឺមីនក៍ ឬ ទឹកដោះគោផ្អែម មុននឹងចូលដេក។
- ហាត់ប្រាណមួយថ្ងៃ ៣០ នាទី នឹងជួយឲ្យដេកលក់ស្រួល និង លក់បានយូរ។
- ព្យាយាមយ៉ាងណាចូលដេក និងភ្ញាក់ពីដំណេកឲ្យទៀងពេល ដើម្បីឲ្យរាងកាយស៊ាំ។
- វីតាមីន B6 គួរទទួលទាន ២៥-៥០មិល្លីក្រាម ក្នុងមួយថ្ងៃ ហើយគួរតែទទួលទានជាមួយនឹងវីតាមីន B ចម្រុះផ្សេងៗ ដើម្បីជួយសម្រួលការបញ្ចេញអ័រម៉ូនអាឌ្រីណាលីន ដែលធ្វើឲ្យកើតភាពតានតឹងក្នុងអារម្មណ៍។
- ទទួលទានប្រេងត្រីយ៉ាងហោចណាស់មួយថ្ងៃ ២ គ្រាប់ (Capsule) ដើម្បីជួយឲ្យឆាប់ដេកលក់។
- ម៉ាញ៉េស្យូម គួរទទួលទានមួយថ្ងៃ ៤៥០-៥០០ មិល្លីក្រាម ដើម្បីជួយបន្ធូរសាច់ដុំដែលបណ្ដាលមកពីភាពតានតឹង ធ្វើឲ្យរាងកាយរសាយស្រឡះល្អ។
- កាត់បន្ថយភេសជ្ជៈដែលមានសមាសធាតុផ្សំ នៃកាហ្វេអ៊ីនមុនចូលដេក ដូចជា «តែ» កាហ្វេ ទឹកក្រូច។
- ត្រូវចៀសវាងអាហារពពួកសាច់ខ្វៃ ហ្រ្វូម៉ាហ្ស ស្រាក្រហម សូកូឡា ពីព្រោះវាជាអាហារដែលមានសារធាតុថៃរ៉ាម៉ាយន៍ ធ្វើឲ្យខួរក្បាលទទួលរំញោចភ្ញាក់។
- សម្រាប់ពេលល្ងាច ត្រូវកាត់បន្ថយអាហារជាតិខ្លាញ់ខ្ពស់ សាច់សត្វ យកល្អត្រូវទទួលទានបន្លែ ផ្លែឈើជំនួសវិញ។
- ហាមហាត់ប្រាណមុនចូលដេក ដោយសារតែវាធ្វើឲ្យរាងកាយទទួលរំញោចភ្ញាក់។
- មិនត្រូវចូលដេកពេលទទួលទានឆ្អែត គួរទទួលទានអាហារល្ងាចនៅម៉ោង ៦ ល្ងាច ដល់ម៉ោង ៧ល្ងាច ឬ ទទួលទានមុនចូលដេកប្រមាណជា ៣ ម៉ោង ហើយមិនត្រូវចូលដេកពេលមានអារម្មណ៍ឃ្លានឡើយ។
- ត្រូវតមបារី បើអ្នកមានបញ្ហាដេកមិនលក់ ពីព្រោះជាតិនីកូទីនជាភ្នាក់ងារជំរុញធ្វើឲ្យកាន់តែពិបាកដេកលក់ ខ្លាំងឡើង។
- ពេលចូលដេក ហាមយកបញ្ហា ឬ រឿងផ្សេងៗមកគិត និង មិនត្រូវមើលម៉ោងក្នុងខណៈដេក៕
No comments:
Post a Comment