Monday, August 3, 2009

Short story: Beloved Mother

(ខ្ញុំធ្លាប់បានស្តាប់រឿងនេះ ជាយូរមកហើយ មានបំណងចែករំលែកជូនអ្នកអានពិចារណា.... ប្រសិនបើការរៀបរៀងនេះមានខុស អក្ខរាវិរុទ្ សូមអភ័យទោសទុកជាមុន !)
កាលពីដើមមានគ្រួសារមួយមានម្តាយនិងកូនប្រុសម្នាក់ ឪពុករបស់គេបានលាចាកលោក នេះតាំងពីគេនៅជាកុមារភាពម្លេះ ។ ពួកគេមានជីវភាពក្រីក្រ ប្រកបរបរធ្វើស្រែចំការ ។
បុរសនោះមានមាឌធំ កំលាំងក្លាំងក្លា មានចិត្តឆេវឆាវ កាចសាហាវ។ ជារៀងរាល់ព្រឹកក្រោកពីព្រលឹមទៅធ្វើការក្នុងចំការ ហើយរាល់ថ្ងៃម្តាយតែង ចំអិនអាហារ យកទៅអោយគេ។ មានថ្ងៃខ្លះម្តាយទៅដល់យឺតក៍ត្រូវកូនជេស្តី បន្ទោសអោយដោយ ប្រើពាក្យអាក្រក់ស្តាប់ណាស់ ម្តាយតែងអោយកូនហូបមុនខ្លួនព្រោះអាណិតកូនដែល ធ្វើការហត់នឿយ ម្យ៉ាងទៀតក្លាយកូនហូបមិនបានឆ្អែត ។ ដោយការយឺតយ៉ាវនេះ មានពេលខ្លះក៍ត្រូវកូនវាយដំ ព្រមទាំងមិនទុកបាយសម្លអោយ បរិភោគទៀត ។ ទោះបីជាយ៉ាងណាក៍ដោយម្តាយក៍មិនប្រកាន់ខឹង ស្អប់ចំពោះកូនរបស់ខ្លួនម្តងណាឡើយ ។
មានថ្ងៃមួយបុរសនោះបានដើរលេងនៅក្បែរកសិដ្ឋានមួយកន្លែង ក៍បានឃើញកូន ពពែមួយចង់បៅដោះម្តាយ វាក៍លត់ជង្គង់ចុះរួចសិមបៅដោះម្តាយវា ។ បុរសនោះឃើញ ដូច្នោះក៍នឹកគឹតដល់ខ្លួនដែលធ្វើមិនគប្បីចំពោះម្តាយកន្លងមក រំពេចនោះក៍តាំងចិត្តកែប្រែ កំហុសដោយឈប់ធ្វើបាបម្តាយតទៅទៀត ហើយដាក់ចិត្តស្រឡាញ់និងយកចិត្ត ទុកដាក់ចំពោះម្តាយ ចាប់ពីថ្ងៃស្អែកតទៅ ។
ថ្ងៃស្អែកគេក៍ទៅចំការធ្វើការដូចសព្វមួយដង ពេលថ្ងៃត្រង់ ម្តាយក៍ទូលម្ហូបអាហារ ដើរមក ។ កំពុងតែធ្វើការនៅក្រោមពន្លឺថ្ងៃយ៉ាងហត់នឿយ ពេលឃើញម្តាយដើរមក ពីចំងាយ ក៍កើតចិត្តសប្បាយខ្លាំងណាស់ ក៍ស្រែកហៅម្តាយ «ម៉ែ ! ម៉ែ ! ម៉ែ ! » រួចរត់យ៉ាងលឿនសំដៅទៅជួយយកម្តាយ។ ម្តាយឃើញ កូនរត់មកយ៉ាងតក់ក្រហល់ ពីចំងាយយ៉ាងនេះ ក៍មានការភ័យតក់ស្លុតដោយនឹកស្មានថាគេនឹងមកវាយធ្វើបាប ទៀតហើយ ក៍ប្រញាប់ដាក់ ចំណីអាហារចុះខ្លាចក្រពប់អស់ កូនមិនមានអ្វីហូប រួចក៍រត់ ចេញទៅ។ គេឃើញដូច្នោះក៍រត់តាមម្តាយពីក្រោយ ដោយការភិតភ័យឥតឧបមា ក្លាចកូន សំលាប់ ក៍រត់ទៅដល់ជ្រោះមួយរួចក៍លោតទំលាក់ខ្លួនចុះទៅ លិចបាត់ទៅក្នុងទឹកដែលកំពុង ហូរធ្លាក់ យ៉ាងខ្មួលខ្មាញ់។ ពេលគេរត់មកដល់ក៍លោតចុះទៅតាមជួយស្រង់អ្នកដ៏មានគុណរបស់ខ្លួន ដោយមិនរៀរែកតែបន្តិចសោះឡើយ។ ជាអនិច្ចារទោះបីជាប្រឹងប្រែងមុជរាវរកយ៉ាងណា ក៍ដោយ ក៍នៅតែរកមិនឃើញម្តាយគេទាល់តែសោះឡើយ ទីបំផុតរកឃើញតែកំណាត់ ឈើមួយដុំបុណ្ណោះ ហើយក៍ស្រែកហៅរកម្តាយ «ម៉ែអើយម៉ែ ! ម៉ែអើយម៉ែ ! ម៉ែអើយម៉ែ ! ម៉ែនៅទីណា ? កូនមកជួយម៉ែហើយ ! ហេតុអ្វីម៉ែមិនឆ្លើយនឹងកូន ? » ។ ទោះបីជាស្រែក ហៅយ៉ាងណាក៍នៅតែមិនឃើញម្តាយគេដដែល គេក៍អង្គុយអោបកំណាត់ឈើយំសោក សង្រេង ស្តាប់ឮតែសំលេងទឹកជ្រោះហូរធ្លាក់ចុះមកយ៉ាងខ្មួលខ្មាញ់ត្របាញ់ចូលគ្នាយ៉ាងឥត មេត្តាដែលបាននំាសង្ខារម្តាយជាទីស្រឡាញ់របស់គេទៅជារៀងរហូតមិនត្រឡប់មកវិញ ឡើយ ។ គេបានយំស្រែកយ៉ាងអណោធអធម ព្រមទាំងនិយាយម្នាក់ឯងពីទង្វើខុសឆ្គង មិនគប្បីទាំងឡាយដែល ខ្លួនបានប្រព្រឹត្តិកន្លងមកចំពោះអ្នកម្តាយរបស់គេដែលពេលនេះ លែងនៅក្បែរគេទៀតហើយ មានតែកំណាត់ឈើមួយដុំដែលអោបជាប់នឹងខ្លួនប៉ុណ្ណោះ ដែលនឹងនៅកំដរជីវិតរបស់គេ។ ព្រះសូរិយាទន់ទាបរៀបអស់ស្តង់គតទៅហើយគេនៅតែ អង្គុយទីនោះយ៉ាងកណ្តោចកណ្តែងយំខ្សឹបខ្សួលអួលណែនឱរ៉ា ស្បៃរាត្រី ក៍បានគ្របដណ្តប់ ផែនភស្តុភារបន្តិចម្តងៗ គេក៍សម្រេចចិត្តយ៉ាងរៀរែក ដៃអោបកំណាត់ឈើមួយដុំងើប ឡើងមកសន្សឹមៗ បោះជំហានមួយៗធ្វើដំណើរចាកចេញពីទីនោះ នៅតែងាកក្រោយម្តងៗ សំលឹងមើលទឹកជ្រោះដែលហូរមិនឈប់ ក្នុងចិត្តក្តុកក្តួលមិនអស់អាល័យ វិលមកខ្ទម កំសត់របស់ខ្លួនវិញ ។
ក្រោយមកបុរសនោះក៍បានយកកំណាត់ឈើមួយដុំនោះឆ្លាក់ជារូបផ្លាកព្រលឹងម្តាយ របស់ខ្លួន។ ជារៀងរាល់ព្រឹកមុននឹងចេញទៅធ្វើការ គេតែងចំអិនអាហារដោយខ្លួនឯង រួចដួសមួយចំណែកដាក់សែនដល់អ្នកមានគុណរបស់គេ។ ពេលល្ងាចត្រឡប់មកពីបំពេញ ការងារវិញក៍តែងតែមកលត់ជង្គង់ ស្មាលាទោស ចំពោះមុខផ្លាកព្រលឹងម្តាយ។ គាត់ធ្វើយ៉ាងនេះជារៀងរហូតដោយយល់ឃើញថាមាន តែវិធីនេះទេ ទើបអាចសំដែងនូវការនឹករលឹក និងការដឹងគុណ ចំពោះអ្នកម្តាយជាទី ស្រឡាញ់និងគោរពដ៏ខ្ពង់ខ្ពស់បំផុត៕
តើនៅលើលោកនេះ នៅមានមនុស្សដូចបុរសនេះទៀតដែរឬទេ ?

No comments:

Post a Comment