គេតែងតែនិយាយថា “ស្នេហាគ្រាដំបូង” ជាស្នេហាដែលមិនងាយនឹងបំភ្លេចបាន ! ប្រការនេះត្រឹមត្រូវណាស់ ក្នុង ស្នេហាគ្រាដំបូង ។
ធម្មតាចំពោះសេចក្តីស្នេហាទាំងឡាយដែលគេហៅថា “ស្នេហាគ្រាដំបូង” គឺជាស្នេហារវាងមិត្តនារី និងបុរស ដែលទើបតែធំពេញវ័យគ្រប់ការ ដែលភាគច្រើនពួកគេកំពុងនៅរៀន មិនទាន់មាន ការយល់ដឹងជ្រៅអំពីស្នេហាអាពាហ៍ពិពាហ៍ បញ្ហាកសាងគ្រួសារ និង នៅត្រូវរង់ចាំដំណាក់កាល សាកល្បង មុនពេលមានស្ថេរភាពក្នុងជីវិត។
ដោយហេតុតែយុវជននោះប្រលងធ្លាក់១ឆ្នាំ នាងក៏រៀនលើស១ថ្នាក់ ដោយចិត្តអស្មិមានៈយុវជន ក៏លែងស្រលាញ់ នាងទៀតហើយ ឬមួយយុវជនត្រូវឪពុកម្តាយបង្ខំឱ្យរៀបការប្រពន្ធ ឬនាងក៏ត្រូវឪពុកម្តាយបង្ខំឱ្យយកប្តី ឬមួយបុរសរត់ តាមនារីផ្សេងទៀត ឬបុរសចេញ ទៅសិក្សានៅទីឆ្ងាយ រួចហើយក៏“ភ្លេច”នាងរហូតតែម្តង។
ស្នេហាគ្រាដំបូងឆាប់រលត់ណាស់ ប្រៀបដូចភ្លើងចំបើងអញ្ជឹង! ចំពោះស្នេហាបែបនេះ មិនអាចរាប់ជាស្នេហាដំបូង បានឡើយ ព្រោះវាមិនទាន់សក្តិសមជាស្នេហាទេ។
ម៉្យាងវិញទៀត បើចំពោះនៅក្នុងពិធីជប់លៀង ដែលមានបុរសម្នាក់មកសាកសួរនាំស្គាល់គ្នា ហើយបង្ហើបពាក្យសុំ សេចក្តីស្នេហា ក្រោយមក គេក៏គេចខ្លួនបាត់ស្រមោលឈឹង ហើយនាងនោះចេះតែនឹករលឹកដល់បុរសនោះជានិច្ច។ បើ គ្រាន់ប៉ុណ្ណឹង ក៏ហៅថា “ស្នេហាគ្រាដំបូង” ដែរ នោះវាហាក់ដូចជាហួសហេតុពេកហើយ! ។
តាមពិតទៅ សេចក្តីស្នេហាមួយហៅថា “ស្នេហាគ្រាដំបូង” ត្រូវជាសេចក្តីស្នេហាត្រឹមត្រូវ ពិតប្រាកដ ហើយឈាន ទៅដល់ជីវិតអាពាហ៍ពិពាហ៍នៃបុគ្គល២នាក់ ដែលស្រលាញ់គ្នាយ៉ាងស្មោះស្ម័គ្រ មិនអាចឃ្លាតឆ្ងាយពីគ្នា ហើយក៏ធ្លាប់ដឹង ច្បាស់ពីកាតព្វកិច្ចធ្វើជាប្តីប្រពន្ធ ត្រូវធ្វើដូចម្តេច? ប៉ុន្តែមនុស្សទាំងនេះ បើសិនដល់ពេលត្រូវបែកគ្នានោះទើបឈឺចាប់ ខ្លោចផ្សាជាទីបំផុត។
លោក ម៉ាក ឌឺស្តាអែល បាននិយាយថា “សេចក្តីស្នេហាជានិមិត្តរូបរបស់និរន្តរភាព វាបំភាន់ អស់នូវសញ្ញាណ ពេលវេលាដែលលុបបំបាត់ចោលរាល់ការនឹកអាល័យរបស់ជំហាន ដែល ចាប់ផ្តើមដំបូង និងការភ័យខ្លាចរបស់ទីអវសាន្ត”។
នេះជាប្រការដ៏អស្ចារ្យរបស់បេះដូង ដែលគ្មាននរណាអាចបកស្រាយបាន។ ហើយ “ស្នេហាគ្រាដំបូងដ៏សែន អាឡោះអាល័យនោះ” វានឹងក្លាយទៅជា “ស្នេហារាប់ពាន់ឆ្នាំ មិនងាយមាននរណាបំភ្លេចបាន” ។
“ស្នេហាគ្រាដំបូង” វានឹងក្លាយជា ប្រភពសោមនស្សរីករាយ សម្បូរសប្បាយយ៉ាងហូរហៀរ គ្មានទីបញ្ចប់ ហើយ បន្សល់ទុកក្នុងមនោសញ្ចោតនានៃបុគ្គលនីមួយៗនូវរូបភាព អណ្តែតអណ្តូងបំផុតរបស់ជីវិតមនុស្ស។
“ស្នេហាគ្រាដំបូង” វាគឺជាថ្ងៃដែលសេចក្តីស្នេហាបញ្ចោញវាចារស្វាគមន៍អ្នក ជាថ្ងៃដែលបេះដូង អ្នកពោរពេញ ដោយក្តីសោមនស្សរីករាយ ស្កប់ស្កល់ ក្នុងពេលវេលាដ៏ផ្អែមល្អែម អណ្តែតអណ្តូង ពោរពេញដោយទឹកដមដ៏ក្រអួន ជាថ្ងៃ ដែលបុរសមានសមានចិត្តពិសេសចំពោះនារី និងទទួល អារម្មណ៍ពិសេសត្រលប់មកវិញពីនារី។
សូមរង់ចាំអានភាគបន្ត...អំពី<<ស្នេហារន្ទៈ>>
Subscribe to:
Post Comments (Atom)
No comments:
Post a Comment